ធម្មជាតិ

នៅពេលអ្នកធ្វើដំណើរឡើងទៅលើភ្នំ អ្នកអាចឈប់សម្រាកបន្តិចនៅត្រង់ចំនុចគីឡូម៉ែត្រលេខ១០ ដើម្បីថតយករូបភាពដ៏អស្ចារ្យនៃផ្ទាំងថ្មមុខយក្សឬអ្នកថែរក្សាព្រៃ។ ថ្មមុខយក្សត្រូវបានគេចាត់ទុកជាអ្នកថែរក្សាព្រៃព្រឹក្សា និងជាកន្លែងសម្រាប់ធ្វើការបន់ស្រន់សុំសេចក្ដីសុខសប្បាយចំពោះការធ្វើដំណើរនិងការប្រមាញ់សត្វរបស់ព្រានព្រៃ។

តើអ្នកដឹងទេ?
  • អ្នកនឹងឃើញថ្មមុខយក្សឬអ្នកថែរក្សាព្រៃនៅខាងឆ្វេងដៃរបស់អ្នក បន្ទាប់ពីធ្វើដំណើររយៈពេល10នាទីឡើងទៅកាន់លើភ្នំ ។

អ្នកប្រហែលជាមានការចាប់អារម្មណ៍ចំពោះឈ្មោះដ៏ពីរោះរបស់វាលស្រែ100 ហើយអ្នកនឹងកាន់តែភ្ញាក់ផ្អើលនៅពេលដែលបានឃើញទេសភាពពិតរបស់វា។ នោះគឺជាវាលដុំថ្មជាច្រើន ដែលមើលទៅហាក់ដូចជាវាលស្រែរាប់រយដែលបានបែងចែកដោយភ្លឺស្រែជាច្រើន។ វាលស្រែ100 ជាកន្លែងដែលមិនគួររំលងសម្រាប់ការថតរូបអនុស្សាវរីយ៍នៃដំណើរកម្សាន្តរបស់អ្នកលើភ្នំបូកគោ។

តើអ្នកដឹងទេ?
  • វាលស្រែ100មានចម្ងាយប្រមាណ7គមពីរមណីយដ្ឋានឋានសួគ៌បូកគោ និងអាចមើលឃើញវាពីផ្លូវធំតែម្តង។

វាលស្រែ500 មានចម្ងាយ17គីឡូម៉ែត្រពីរមណីយដ្ឋាន ឋានសួគ៌បូកគោ ដែលចំណាយពេលធ្វើដំណើរប្រហែលជា30នាទីតាមរថយន្ត។ វាលស្រែ500 គឺជាឈ្មោះនៃតំបន់ព្រៃភ្នំធម្មជាតិមួយកន្លែងដែលលាក់ខ្លួនពួនអាត្មាជាយូរមកហើយនៅលើភ្នំបូកគោ ដែលរមណីយដ្ឋានទើបនឹងបាន ត្រួសត្រាយផ្លូវថ្មី ឲ្យភ្ញៀវបានចូលទស្សនា។
ប្រសិនបើប្រៀបធៀបជាមួយនឹងវាលស្រែ100 តំបន់ដែលទើបរកឃើញនេះពោរពេញដោយសម្រស់ធម្មជាតិដ៏ស្រស់ស្អាតចម្លែកភ្នែក ជាមួយនឹងផ្ទាំងថ្មធំតូចជាច្រើន ដែលមានរូបរាងជាសត្វនិងវត្ថុ រាយពាសពេញ ព្រមទាំងដើមឈើមួយប្រភេទប្រចាំបូកគោ គឺដើមស្រូយ។ នៅទីនេះ ក៏ជាជម្រករបស់ផ្កាបំពង់ក្រឡោម ផ្កាអ័រគីដេព្រៃ និងសត្វមេអំបៅជាច្រើនប្រភេទផងដែរ។
នៅពេលអ្នកធ្វើដំណើរដោយថ្មើជើងឬម៉ូតូចូលទៅក្នុងព្រៃជ្រៅ ទេសភាពដ៏ទាក់ភ្នែកនៃវាលស្រែ500 នឹងធ្វើឲ្យអ្នកចង់ចំណាយពេលវេលាកាន់តែយូរដើម្បីគយគន់ធម្មជាតិដ៏ស្អាតប្លែកអស្ចារ្យទាំងនោះ។ ទីនេះគឺជាឋានសួគ៌! គឺជាទឹកដីរបស់ទេវតា! ផ្ទាំងពពកពណ៌សដេរដាសទាំងឡាយបានស្ថិតនៅចុងម្រាមដៃរបស់អ្នក ចំណែកឯដីដែលអ្នកកំពុងតែឈរពីលើនោះ មានពណ៌សនិងជះពន្លឺព្រិចៗគ្រប់ទីកន្លែងអ្នកកំពុងតែនៅលើសួននៃឋានសួគ៌ាដែលមានតែទេវតានិងទេពធីតាប៉ុណ្ណោះទើបអាចស្វែងរកភាពរីករាយនេះបាន។

តើអ្នកដឹងទេ?
  • បើប្រៀបធៀបវាលស្រែ100ជាមួយនឹងវាលស្រែ500ដែលទើបរុករកឃើញថ្មីនេះ គឺពោពេញដោយព្រៃក្រាស់និងភាពមហស្ចារ្យ។ អ្នកត្រូវចំណាយពេលដើរថ្មើរជើងតាមផ្លូវលំតូចៗដើម្បីចូលទៅដល់គយគន់ទេសភាពវាលស្រែ500។
  • នៅពេលអ្នកទៅដល់ទីនោះ អ្នកអាចឃើញថ្មដែលមានរូបរាងជាសត្វនានា និងជាគ្រឿងសង្ហារិមដ៏មិនគួរឲ្យជឿ។
  • ថ្មប្រាសាទ គឺជាផ្ទាំងថ្មដ៏ដែលបន្តុបពីលើគ្នាមានរាងដូចជាប្រាសាទ ដែលអ្នកមិនគួររំលងក្នុងការទស្សនា។
  • វាលស្រែ500 គឺជាជម្រកនៃផ្កាអ័រគីដេព្រៃ រុក្ខជាតិតំបន់ត្រូពិច និងពពួកមេអំបៅជាច្រើនប្រភេទ។
  • ដើមស្រូយ ដែលជាដើមឈើប្រចាំភ្នំបូកគោ គឺជាដើមរុក្ខជាតិមួយប្រភេទដែលគួរតែថតទុកក្នុងកាមេរ៉ារបស់អ្នក ពីព្រោះវាមានអាយុច្រើននិងកម្រនឹងបានជួបវាណាស់ក្រៅពីនៅវាលស្រែ500។

ទឹកជ្រោះពពកវិលគឺជាទឹកជ្រោះដែលមាន២ដំណាក់ និងត្រូវបានគេដាក់ឈ្មោះឲ្យសមទៅនឹងការពិតនៃទីកន្លែងមួយនេះ ដែលមានផ្ទាំងពពកនៅអណ្តែតត្រសែតពីខាងលើជាប់មិនលោះពេល។ ពេលវេលាសម្រាប់ការទៅកម្សាន្តទឹកធ្លាក់ពពកវិលដ៏ល្អបំផុត គឺអំឡុងពេលរដូវស្សា ( ខែឧសភា ដល់ខែតុលា) ដែលជាពេលដែលទឹកធ្លាក់មានទេសភាពស្រស់ស្អាតបំផុត។

តើអ្នកដឹងទេ?
  • ដំណាក់ទី1 នៃទឹកធ្លាក់ពពកវិលមានកម្ពស់ប្រមាណជា 15 ម៉ែត្រ និង ដំណាក់ទី2 មានកម្ពស់ប្រមាណជា18 ម៉ែត្រ។
  • នៅតាមផ្លូវលំខាងស្តាំដៃនៃទឹកជ្រោះ អ្នកអាចធ្វើដំណើរចូលទៅកាន់តែជិតធម្មជាតិ ហើយគយគន់សម្រស់ព្រៃព្រឹក្សាដ៏ស្រស់ស្អាត រួមទាំងរុក្ខជាតិប្លែកៗផងដែរ។