ភ្នំបូកគោ

ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដែលត្រូវបានគេស្គាល់ភាគច្រើនថា ឧទ្យានជាតិបូកគោ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ភ្នំបូកគោមានកម្ពស់ 1075ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និងមានចម្ងាយប្រមាណ11គីឡូម៉ែត្រពីក្រុងកំពត ទៅកាន់ជើងភ្នំ និងចម្ងាយ32គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំ។ ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ1917 ដោយជនជាតិបារាំងឈ្មោះរូលួស និងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយដ្ឋានក្នុងឆ្នាំ1921។ កាលពីមុន ភ្នំបូកគោ ធ្លាប់ជាទីកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំង និងរាជវង្សានុវង្សប៉ុណ្ណោះ។
ឧទ្យានជាតិភ្នំបូកគោ គឺជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ភ្នំបូកគោ ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រមទាំងមានព្រៃព្រឹក្សាធម្មជាតិដ៏ខៀវស្រងាត់និងស្រស់បំព្រង។ ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពពិចពិលរមិលមើលពីលើកំពូលភ្នំទៅកាន់ទីរួមខេត្តកំពត ឆ្នេរសមុទ្រ និងកោះជាច្រើនដែលនៅខាងក្រោមយ៉ាងសប្បាយរីករាយ។ ឧទ្យានជាតិភ្នំបូកគោ មានដើមឈើត្រូពិចពាសពេញលើភ្នំ ព្រមទាំងសត្វព្រៃជាច្រើនប្រភេទ និងទឹកជ្រោះដ៏ស្រស់ស្អាតនិងល្បីល្បាញគឺទឹកជ្រោះពពកវិល។ ភ្នំបូកគោគឺជាទីកន្លែងកម្សាន្តដែលសម្បូរបែបបំផុតមួយ ដែលនឹងធ្វើឲ្យគ្រប់ដំណើរកម្សាន្តរបស់អ្នកពោពេញដោយភាពរីករាយនិងបំភ្លេចមិនបាន។

ដំណាក់ស្លាខ្មៅ
ដំណាក់ស្លាខ្មៅ គឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលម្ហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ1936។ ថ្វីបើអគារទាំងមូលនៅមានសភាពរឹងមាំយ៉ាងណាក្តី ប៉ុន្តែទ្វារនិងបង្អួចនៃដំណាក់នេះត្រូវបានបាត់បង់អស់ទៅហើយ។ នៅទីនេះ អ្នកនឹងបានឃើញពីទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខាងក្រោយដំណាក់ ហើយទីនេះក៏ជាទីកន្លែងសម្រាប់គយគន់ទេសភាពថ្ងៃរៀបលិចដ៏អស្ចារ្យផងដែរ។
ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់)
សំណង់អគារប្រវតិ្តសាស្រ្តមួយនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាតមួយនាសម័យអាណានិគមនិងរាស្រ្តនិយម។ ក្រោយពីត្រូវបោះបង់ចោល សណ្ឋាគារនេះបានប្រែសម្បុរទៅតាមកាលវេលា ប៉ុន្តែអគារទាំងមូលនៅមានសភាពរឹងមាំនៅឡើយ ហើយបច្ចុប្បន្នកំពុងត្រូវបានជួលជុលលាបពណ៌ឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង។
វត្តសំពៅប្រាំ
“វត្តសំពៅប្រាំ”ត្រូវបានដាក់ឈ្មោះទៅតាមថ្មដែលដុះឡើងមកមានរាងដូចជាសំពៅប្រាំតម្រៀបគ្នា។ ជាមួយគ្នានេះ ក៏មានរឿងនិទានទាក់ទងនឹងថ្មសំពៅប្រាំនេះដែរ ដែលអ្នកអាចសាកសួរទៅកាន់មគ្គុទេសក៍របស់យើងបាន។ វត្តសំពៅប្រាំមានទីតាំងនៅលើជ្រោយមួយដែលអាចមើលឃើញទេសភាពនៃព្រៃព្រឹក្សាពណ៌ខៀវស្រងាត់នៅតាមជ្រលងដងភ្នំ និងផ្ទៃសមុទ្រធំល្វឹងល្វើយឆ្ងាយសន្លឹមនៅខាងក្រោម អមដោយផ្ទាំងពពកដេរដាសគួរជាទីគយគន់ពេកក្រៃ។
បដិមាលោកយាយម៉ៅ
បដិមាលោកយាយម៉ៅ មានកម្ពស់29 មែ៉ត្រ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 2010 ស្ថិតក្នុងឥរិយាបថអង្គុយសមាធិបែរព្រះភក្រ្តសម្លឹងទៅកាន់ផ្ទៃសមុទ្រ។ បដិមាលោកយាយម៉ៅដ៏ធំសម្បើមដែលមានអាសនៈលើភ្នំបូកគោនេះ គឺជាទីកន្លែងបូជាថ្មីមួយរបស់ប្រជាជនខ្មែរដែលគោរពជឿជាក់លើព្រលឹងដែលថែរក្សាអ្នកដំណើរទាំងឡាយឲ្យមានសេចក្តីសុខនិងសុវត្ថិភាព។
ព្រះវិហារកាតូលិកចាស់
ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ1920ដែលជាផ្នែកមួយនៃការសាងសង់បុរីលម្ហែលើភ្នំបូកគោ។ ព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។ នៅខាងក្រោយព្រះវិហារ មានទួលមួយដែលជាកន្លែងគយគន់ថ្ងៃលិចដ៏លន្លង់លន្លោចនិងស្រស់ស្អាតជាងគេនៅលើភ្នំបូកគោ។
ព្រៃធម្មជាតិ
នៅលើភ្នំបូកគោ មានផ្លូវលំតូចៗមួយចំនួនដែលអ្នកអាចដើរព្រៃដើម្បីរុករកនិងគយគន់ដើមឈើនិងរុក្ខជាតិ ផ្កាព្រៃជាច្រើនប្រភេទ។ ធ្វើដំណើរនៅលើផ្លូវទាំងនេះ អ្នកនឹងបានរំភើបរីករាយដោយសារតែបានឃើញសម្រស់ធម្មជាតិដ៏ស្រស់ប្លែកនៅលើភ្នំបូកគោ។
ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេច
ដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរឲ្យកត់សម្គាល់នៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសង់សម្រាប់ព្រះបាទមុនីវង្ស ដើម្បីទ្រង់សម្រាកកម្សាន្តពីអាកាសធាតុក្តៅនារាជធានីភ្នំពេញ។ ដំណាក់ព្រះបាទមុនីវង្សស្ថិតនៅចម្ងាយប្រមាណ2គីឡូម៉ែត្រពីរមណីយដ្ឋានឋានសួគ៌បូកគោ។
ប្រសិនបើប្រៀបធៀបទៅនឹងដំណាក់ស្លាខ្មៅ ដំណាក់ព្រះបាទមុនីវង្ស មានទំហំធំជាង ដោយមានបន្ទប់ផ្ទុំ ចង្រ្កានបាយ និងកន្លែងលម្ហែដាច់ដោយឡែកពីគ្នា។ មិនតែប៉ុណ្ណោះ មានសំណង់បាក់បែកមួយកន្លែងដែលគេយល់ថាជាភោជនីយដ្ឋាននិងសំណង់បណ្ណាល័យនៅជិតច្រកចូលថែមទៀត។
រមណីយដ្ឋាន ឋានសួគ៌បូកគោ
រមណីយដ្ឋាន ឋានសួគ៌បូកគោ គឺជារមណីយដ្ឋានដំបូងគេនិងតែមួយគត់នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលសិ្ថិតនៅក្នុងចំកណ្តាលធម្មជាតិដ៏ស្រស់បំព្រងនិងអាកាសធាតុត្រជាក់ជាទីជាប់ចិត្តលើកំពូលភ្នំបូកគោ។ រមណីយដ្ឋាន ឋានសួគ៌បូកគោ ស្ថិតនៅក្បែរអគារប្រវតិ្តសាស្រ្ត និងឡោមព័ទ្ធដោយធម្មជាតិព្រៃភ្នំដ៏ស្រស់បំព្រង។
រមណីយដ្ឋានឋានសួគ៌បូកគោ ផ្តល់ជូននូវបន្ទប់ដែលប្រកបដោយផាសុកភាព ខ្យល់ធមុ្មជាតិ តុបតែងលម្អជាមួយនឹងរចនាបថខ្មែរសម័យ និង បំពាក់ដោយសម្ភារៈមានគុណភាព ព្រមជាមួយនឹងសេវាកម្មកម្រិតអន្តរជាតិ។
ផែនទី
រមណីយដ្ឋាន ឋានសួគ៌បូកគោ មានចម្ងាយប្រមាណ42 គីឡូម៉ែត្រេ ពីក្រុងកំពត ដែលចំណាយពេលប្រមាណ45នាទីដើម្បីឡើងទៅដល់លើភ្នំ។ ដោយឡែកប្រសិនបើអ្នកធ្វើដំណើរពីក្រុងព្រះសីហនុ នោះនឹងចំណាយពេលប្រមាណមួយម៉ោងកន្លះ និងរយៈពេលបីម៉ោង ពីរាជធានីភ្នំពេញទៅដល់ខេត្តកំពត។
ព័ត៌មានសម្រាប់ភ្ញៀវទេសចរ៖
ភាសា៖ ខ្មែរ អង់គ្លេស និងរុស្ស៊ី
រូបិយបណ្ណ៖ លុយរៀលខ្មែរ ឬ ដុល្លារអាមេរិក
អាកាសធាតុ៖ អាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងមានសីតុណ្ហភាពចាប់ពី 15°C ទៅ 25°C ឬ59°F ទៅ 77°F (សូមយកសម្លៀកបំពាក់ក្រាស់ៗមកជាមួយផង)
អគ្គិសនី៖ 220វ៉ុល
ទិដ្ឋាការ៖ សូមចូលទៅកាន់គេហទំព័រ http://www.mfaic.gov.kh

រូបភាព

ត្រឡប់ បន្ទាប់